គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ផលិតផលពិសេសប្លែកខុសពីគេ និងសិល្បៈនៃការចម្អិនម្ហូប គឺជាកត្តាជំរុញដ៏សំខាន់ក្នុងវិស័យទេសចរណ៍

កាលបរិច្ឆេទ: ១២ កុម្ភៈ ២០២៤ / ម្ហូបអាហារ / Author : Veng Thavong

នៅក្នុងអត្ថបទមួយស្តីពីឥទ្ធិពលរបស់សិល្បៈនៃការចម្អិនម្ហូបលើវិស័យទេសចរណ៍វប្បធម៌ ដែលចុះផ្សាយលើវេបសាយ Tourism.Insiders  អ្នកនិពន្ធបានសរសេរថា ការភ្លក្សរសជាតិម្ហូបប្រចាំតំបន់គឺជាចំណុចចាប់ផ្តើមដ៏សំខាន់ដើម្បីឈានទៅស្វែងយល់ពីវប្បធម៌របស់ប្រទេសមួយ។ វេបសាយដដែលនេះបានបន្តទៀតថា បើតាមការសិក្សារបស់អង្គការទេសចរណ៍ពិភពលោក «ទេសចរប្រមាណជិត ៨៨% ចាត់ទុកសិល្បៈនៃការចម្អិនម្ហូបជាចំណុចដ៏សំខាន់សម្រាប់បទពិសោធនៃការធ្វើដំណើររបស់ពួកគេ។ មុខម្ហូបកម្រដែលមានតែមួយគ្មានពីរ បច្ចេកទេសចម្អិនបែបប្រពៃណី និងផលិតផលក្នុងស្រុកគឺជាបេតិកភណ្ឌអរូបីដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកចូលចិត្តបរិភោគម្ហូបឆ្ងាញ់ៗនៅលើពិភពលោក»។

ទិន្នន័យមួយទៀតដែលផ្តល់ដោយវេបសាយមួយនេះគឺ បើតាមការឱ្យដឹងរបស់សមាគមសិល្បៈនៃការចម្អិនម្ហូបអឺរ៉ុប ការចំណាយលើម្ហូបអាហារ និងភេសជ្ជៈមានអត្រាពី ២៥%ទៅ ៣០% នៃថវិកាទាំងមូលរបស់ទេសចរ។ អ្នកនិពន្ធអត្ថបទដដែលបានគូសបញ្ជាក់បន្ថែមទៀតថា៖ «ទិន្នន័យនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃម្ហូបអាហារក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងស្រុក និងសម្រាប់ទាក់ទាញទេសចរបរទេស។ សិល្បៈនៃការចម្អិនម្ហូបមិនមែនសម្រាប់តែអណ្តាតក្រេបរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ជាកត្តាជំរុញមួយយ៉ាងសំខាន់ផ្នែកសេដ្ឋកិច្ចផងដែរ»។

ជាអ្នកលើកស្ទួយផលិតផលខ្មែរសុទ្ធសាធ ក្រុមហ៊ុនខនហ្វីរេលដែលតាំងពីចាប់ផ្តើមដំណើរការមកតែងតែលើកតម្លៃមរតកម្ហូបខ្មែរ គ្មានអ្វីក្រៅពីបង្ហាញក្តីសោមនស្សចំពោះទិន្នាការនេះទេ នៅពេលដែលឃើញ «ម្ហូបអាហារពិភពលោកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ»  ហើយមិនមែនមានតែចុងភៅល្បីៗប៉ុណ្ណោះទេ ដែលចម្អិនមុខម្ហូបប្រចាំតំបន់ សូម្បីតែអ្នកលក់ម្ហូបនៅតាមផ្លូវក៏មានចម្អិនមុខម្ហូបបែបនេះដែរ ហើយជាញឹកញាប់ពួកគេចម្អិននៅនឹងមុខអ្នកដើរឆ្លងកាត់តែម្តង។ ចំណែកឯផ្សារត្រីវិញសម្បូរទៅដោយផលិតផលចម្រុះមកពីគ្រប់តំបន់នៃប្រទេស និងម្ហូបអាហារប្រពៃណី ហើយការរៀនធ្វើម្ហូបជាមួយចុងភៅមិនត្រឹមតែធ្វើឲ្យអ្នកចូលរួមចេះចម្អិនម្ហូបប៉ុណ្ណោះទេ តែថែមទាំងអាចស្វែងយល់ពីវប្បធម៌ប្រពៃណីក្នុងស្រុកទៀតផង»។

លើសពីនេះទៅទៀត វេបសាយ Tourism.Insiders កត់សម្គាល់ពីការកើនឡើងនៃទេសចរដែលចាប់អារម្មណ៍លើម្ហូបអាហារប្រកបដោយនិរន្តរភាព ហើយចំណុចនេះក៏ជាមូលហេតុមួយទៀតដែលធ្វើឲ្យក្រុមហ៊ុនខនហ្វីរេលសប្បាយរីករាយផងដែរ។ នៅលើវេបសាយដដែល គេបានសរសេរថា​៖ «ស្ថិតក្នុងបរិបទមួយដែល៧៣%នៃទេសចរអន្តរជាតិបង្ហាញពីចំណាប់អារម្មណ៍ទៅលើទេសចរណ៍ប្រកបដោយនិរន្តរភាព (យោងតាមវេបសាយ Booking.com) ដំណាក់កាលនៃការភ្លក្សម្ហូប និងរៀនចម្អិនម្ហូបមិនអាចខ្វះបានឡើយ។ ចាប់ពីពេលនេះតទៅ ទេសចរស្វែងរកការចម្អិនអាហារប្រកបដោយចីរភាព ផ្តល់អាទិភាពទៅលើគ្រឹះស្ថានទាំងឡាយណាដែលគោរពបរិស្ថាន និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយសមធម៌»។

កាលពីចុងឆ្នាំ២០២៣ ក្នុងអំឡុងពេលតែមួយខែប៉ុណ្ណោះ ម្ហូបខ្មែរទទួលបានពានរង្វាន់អន្តរជាតិមិនតិចជាងបីឡើយ។ ជាក់ស្តែង អង្គការយូណេស្កូទទួលស្គាល់ទីក្រុងបាត់ដំបងថាជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។ រីឯសៀវភៅធ្វើម្ហូបពីរក្បាលគឺ «សោយ« និង « The Taste of Angkor » ទទួលបានពានរង្វាន់ជាច្រើនពីកម្មវិធី World of Gourmand World Cookbook Awards លើកចុងក្រោយដែលរៀបចំឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ខែក្រោយនេះ មេចុងភៅ chef Nak ដែលជាអ្នកនិពន្ធសៀវភៅ «សោយ» នឹងរៀបចំការប្រកួតធ្វើម្ហូបខ្មែរដើម្បីផ្សព្វផ្សាយពីភាពសម្បូរបែបនៃម្ហូបប្រពៃណីខ្មែរ និងផ្តល់ឱកាសឱ្យចុងភៅក្នុងស្រុកអាចបញ្ចេញស្នាដៃរបស់ពួកគេ ក៏ដូចជាជំរុញឲ្យមានការជជែកពិភាក្សា បំផុសគំនិតច្នៃប្រឌិត និងបង្ហាញពីសក្កានុពលក្នុងស្រុក។ នេះបើតាមអត្ថបទចុះផ្សាយដោយកាសែតខ្មែរថាមស៍។

Chef Nak បានប្រាប់ទៅអ្នកកាសែតខ្មែរថាមស៍យ៉ាងដូច្នេះ៖ «គោល​បំណង​របស់​ខ្ញុំ​ក្នុ​ងការរៀបចំឱ្យមានការប្រកួតធ្វើម្ហូបនេះគឺចង់ផ្តល់វេទិកាដល់បងប្អូនខ្មែរដើម្បីបង្ហាញពីចំណេះដឹង និងសមត្ថភាពរបស់ពួកគាត់ក្នុងការចម្អិនម្ហូបខ្មែរ»។

ខណៈពេលដែលអង្គការទេសចរណ៍ពិភពលោកព្យាករថា នៅឆ្នាំ២០២៤ នេះ ចំនួនទេសចរពិភពលោកនឹងកើនឡើងវិញស្មើនឹងចំនួនកាលពីមុនមានវិបត្តិជំងឺកូវីដ១៩ គឺដល់ពេលហើយដែលត្រូវលើកកម្ពស់ម្ហូបខ្មែរឱ្យដូចអ្វីដែល chef Nak k កំពុងធ្វើ និងត្រូវផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីបង្ហាញថាប្រទេសខ្មែរមិនមែនមានតែប្រាសាទអង្គរវត្តប៉ុណ្ណោះនោះទេ ហើយនេះក៏ជាអ្វីដែលក្រុមហ៊ុនខនហ្វីរេលបន្តចូលរួមចំណែកផងដែរ៕